Articles

ក្រោយភ្លៀង មេឃស្រលះ

In Uncategorized on October 24, 2019 by hengkrishnaaa

ដំណាក់កាលអន្តរកាល ហាក់រំកិលមកដល់ចំណុចមួយដែលនឹងបញ្ចប់ជាបណ្ក្នោះអាសន្នក្នុងពេលខាងមុខដ៍ខ្លី។ ខ្ញុំជឿជាក់ថា គ្មានការចាប់ផ្តើមណាដែលមិនមានការបញ្ចប់ឡើយ។ ការប្រឈមនឹងការលំបាក ប្រាកដជាមាន ប៉ុន្តែអ្វីដែលមិនអាចអត់បាន គឺ ការប្តេជ្ញាចិត្តមិនដាក់ធុរៈ ។ មានរឿងជាច្រើនដែលបានកើតឡើងនៅក្នុងរយពេលដែលខ្ញុំអវត្តមាននៅទីនេះ ។ អ្វីទាំងនោះ ភាគច្រើនសុទ្ធតែជារឿងល្អៗ រាប់ចាប់តាំងពី គ្រួសារ និង ការងារ។ តែណ្ហើយ រឿងទាំងនោះឯកជនពេកហើយ មិនគួរចែករំលែកទីនេះ។

ជារួម ឆ្នាំ ២០១៩ នឹងក្លាយជាការចងចាំដ៍ល្អមួយ ។ វាជាឆ្នាំដែលខ្ញុំអាចធ្វើឲ្យក្តីប្រាថ្នាដ៍តូចមួយក្នុងជិវិតដែលខ្ញុំបានដៅទុកកាលពីជាង ៨ ឆ្នាំមុន ថានឹងសរសេរសៀវភៅឲ្យបានមួយក្បាលយ៉ាងតិចនៅក្នុងជិវិត។ ឥលូវសៀវភៅមួយក្បាលនោះ កំពុងត្រៀមចូលរោងពុម្ព។ ការពិតទៅ វាមិនមែនជាសមិទ្ធិផលដ៍អស្ចារ្យអ្វីនោះទេ វាគ្រាន់តែជាលទ្ធផលដ៍តូចដែលកើតចេញពីការអត់ធត់ ការតាំងចិត្ត ផ្តុំតួអក្សរមួយតួ ២តួ ១០តួ បង្កើតបានជាឃ្លា ឃ្លាបង្កើតបានជាល្បះ ល្បះបង្កើតបានជាវាក្យខណ្ឌ និង បានមួយទំព័រ ​…… ។ វាជាបទពិសោធន៍ដ៍ល្អ ។ ទោះបីតូចក្តី តែវាពិតជាមោទនសម្រាប់ខ្ញុំ។ ក្រោយការបោះពុម្ពសៀវភៅទី១ នេះរួចហើយ នៅក្នុងខួរក្បាលខ្ញុំលេចចេញសៀវភៅ ៣ ក្បាលទៀត ដែលត្រូវសរសេរ។ ខ្ញុំអាចលើកយកមកនិយាយសៀវភៅមួយក្នុងចំណោមសៀវភៅទាំងបីនោះនៅទីនេះ គឺវាជាអ្វីដែលខ្ញុំធ្លាប់ស្រមៃសរសេរតាំងពីឆ្នាំ ២០១០ ពោលគឺ រយៈពេល ជាង ៩ ឆ្នាំមកហើយ ។ សៀវភៅនោះជាការប្រឌិតបែបតថភាពសង្គម គឺនិយាយពី គូសង្សារមួយគូ ដែលខាងប្រុស ឬ ខាងស្រីទៅរៀននៅបរទេស (នៅទីនេះ អាចថា ទៅរៀននៅម៉ូស្គូ) ពួកគេទាំងពីរសរសេរសំបុត្រឲ្យគ្នារៀបរាប់អំពីសេចក្តីនឹករលឹក អំពីសេចក្តីស្នេហាដ៍ជ្រាលជ្រៅ និង រៀបរាប់អំពីព្រឹត្តការណ៍នយោបាយដែលបានកើតឡើងនៅក្នុងពេលនោះរហូតដល់ពេលបច្ចុប្បន្ននៃការសរសេរសៀវភៅ។  សៀវភៅនេះនឹងផ្ទុកទៅដោយព្រឹត្តការណ៍​នយោបាយ ដែលបានកំពុងកើតឡើងនៅក្នុងប្រទេស ប្រយោជន៍ដើម្បីផ្តល់ជាព័ត៌មាន និង ផ្កល់ការវិភាគតាមលទ្ធភាពរបស់អ្នកនិពន្ធ។ ខ្ញុំនឹងធ្វើឲ្យបាន!

 

Leave a comment