Articles

ស្នាមញញឹមរបស់នាង

In Uncategorized on July 15, 2015 by hengkrishnaaa

# អារម្មណ៏មួយយប់មុនថ្ងៃទទួលសញ្ញាបត្រ និង អារម្មណ៏ពេលគ្រងសម្លៀកបំពាក់រៀបការជាមួយមនុស្សជាទីស្រឡាញ់បំផុត ប្រហែលជាដូចគ្នាបេះបិទ។ អារម្មណ៏នោះពិតជាអស្ចារ្យបំផុតដែលមិនអាចអោយខ្ញុំគេងលក់ពេញមួយយប់….យប់ឈានចូលថ្ងៃទី១៤ ខែកក្តដា ខ្ញុំគេងមិនលក់សោះ…. ខួរក្បាលនៅតែដំណើរការមិនឈប់ឈររហូតដល់ម៉ោង ៣ព្រឹក ត្រូវភ្ញាក់រៀបចំខ្លួនទៅផ្ទះកូនក្រមុំ
នាងតូចរបស់ខ្ញុំ។ អារម្មណ៏ពីរដែលមិនអាចអោយខ្ញុំគេងលក់៖ ១. រំភើបបំផុត និង ២. ការថប់បារម្ភ។
ការរំភើបពិតជាមិនពិបាកយល់នោះទេ ប៉ុន្តែអារម្មណ៏ថប់បារម្ភនោះទៅវិញទេដែលពិបាកយល់។ ខ្ញុំនៅតែគិត នៅតែថប់បារម្ភ តើខ្ញុំអាចអោយភរិយារបស់ខ្លួន គ្រួសារដ៏តូចរបស់យើងមានសុភមង្គល និង ក្តីសុខបានឬទេ? ខ្ញុំពិតជាបារម្ភខ្លាំងណាស់ ត្បិតអីមកដល់ពេលនេះខ្ញុំមិនទាន់មានការងារដែលមានស្ថេរភាព និង ត្រូវជាមួយចំណង់ចំណូលចិត្តខ្លួននៅឡើយ។ យ៉ាងហោចណាស់នៅមូស្គូ ខ្ញុំអាចរកចំណូលពីការងារក្រៅម៉ោងសិក្សាប្រហែលជិត 1.5K តែនៅកម្ពុជា ប្រាក់ចំណូលនោះពិតពិបាកបន្តិចហើយ។ ប្រហែលអារម្មណ៏ថប់បារម្ភនេះកើតឡើងមួយខណៈពេលខ្លី ខណៈដែលរបត់ជីវិតថ្មីដែលយើងមិនធ្លាប់ជួបប្រទះ និងមិនអាចយល់បាននឹងមកដល់ក្នុងពេលដ៏ឆាប់។និយាយទៅ វាប្រៀបបីដូចជាភាពងងឹត ដែលធ្វើអោយមនុស្សខ្លាច ថប់បារម្ភ ត្បិតអីមនុស្សមិនអាចចាប់បាន មិនអាចមើលឃើញថាតើក្នុងស្រមោលអន្ធការនោះមានអ្វី។

#ប្រហែលនេះជាលើកដំបូងបំផុតដែលខ្ញុំបានឃើញស្នាមញញឺមដ៏ស្រស់ស្អាតបំផុតរបស់នាងតូចតាំង  ពីយើងស្គាល់គ្នារហូតមកដល់ថ្ងៃនេះ។ ក្នុងសម្លៀកបំពាក់ជាកូនក្រមុំពណ៌ស នាងពិតជាស្រស់ស្អាតបំផុតក្នុងភ្នែករបស់ខ្ញុំ។

Leave a comment