មាតុភូមិកម្ពុជា ជាទីស្នេហា MotherLand CAMBODIA

ពូជខ្មែរ ដីខ្មែរ មិនសាបសូន្យជាដាច់ខាត!  ពាលោ អបរិនាយកោ.

  • សិការទេវី on Twitter!

    • Praying Buddha for Grandma. 1 month ago
    • "Follow your heart regardless of what others tell you to do. At the end of the day it's you that has to live with your decisions,not them." 1 month ago
    • តើអ្នកអាចផ្តល់តម្លៃ សោភ័ណភាព នៃដានជើងខ្លួនឯង នៅលើខ្សាច់ពេលវេលា យ៉ាងម៉េចទៅ ប្រសិនបើអ្នក រវល់តែដើរ តាមដានជើងរបស់អ្នកដទៃនោះ?​ជីវិតរស់ដ3ខ្លួនឯង! 1 month ago
    • To say "I love you" one must first be able to say the "I." 2 months ago
    • To one who has faith, no explanation is necessary. To one without faith, no explanation is possible. 2 months ago
    • Don't love a person who only enjoys to be with you... Love a person who suffers without you." 2 months ago
    • To heal my wounds, I need to be brave enough to face them. 3 months ago
  • Blog Stats

    • 29,564 visitors
  • ហេងក្រិស្ណា on Twitter

    • ពាក្យ(ប៉ុន្តែ) ខ្ញុំគួរតែលុបចោលពី(វចនានុក្រមសិរសា) ដោយជំនួសនូវពាក្យ (ហេតុអីមិន) 1 week ago
    • សក់វែង  មិនប្រាកដថាជាស្រី។ 2 weeks ago
    • "Some people succeed in spite of hardships. Others succeed because of them. The truth is, our problems help to make us what we are. 1 month ago
    • គេងខ្នើយរួមគ្នា មិនប្រាកដថាយល់សប្តិដូចគ្នា 1 month ago
    • I am no longer the person I once was, the past has disappeared and the brilliant future shines before me. 1 month ago
    • It takes a woman twenty years to make a man of her son, and another woman twenty minutes to make a fool of him 1 month ago
    • ដើមឈើដែលកាត់មែក វានឹងលាស់មែកថ្មី។ ព្រះចន្ទដែលមានតែមួយចំណិត ថ្ងៃក្រោយក៏នឹងពេលបូរមីឡើងវិញ។ 4 months ago
    • home sweet home : Domodedovo international airpot, Moscow. 4 months ago
    • Cairo international airport! :) hot & tired :P 4 months ago
    • I'd rather hurt myself than to ever make you cry...there's nothing left to say, but goodbye :) 4 months ago
    • The special gift of suffering, I have learned, is how to be strong while we are weak, how to be brave when we are afraid, 4 months ago
    • How to be wise in the midst of confusion, and how to let go of that which we can no longer hold. 4 months ago
    • In this way, anger can teach us forgiveness, hate can teach us love. 4 months ago
    • ការស្រឡាញ់លើកទី២មិនមែនជាស្នេហាពិត វាគ្រាន់តែជាស្នេហាប្រៀបធៀបរវាងអ្នកថ្មីនឹងអ្នកមុនប៉ុណ្ណោះ 5 months ago
    • If you spend your life regretting things in the past, before you know it... you will have wasted your life on regret. 5 months ago

ព្រះពុទ្ធសាសនា

មង្គល៣៨ប្រការរបស់ព្រះបរមសាស្តា

ព្រះសម្មាសម្ពុទ្ធ​បាន​សម្តែង​ថា មង្គល​បានមកពី​ការប្រតិបត្តិ​ដ៏​ត្រឹមត្រូវនិងមានគោល ការណ៍​ច្បាស់លាស់ ប្រកប​ដោយ​ភាព​វៃ​ឆ្លាត និង ម៉ឺងម៉ាត់ ទៀងទាត់មិនមែន​បាន​មក​ពី​ការ​បួងសួង អធិដ្ឋាន​ចំពោះ​ព្រះ ចំពោះ​អាទិទេព ឬទេវតា​អង្គណាឬរង់ចាំ វាសនា ​ពី​បុព្វ​ជាតិ​ឡើយ ។ ព្រះអង្គ​បាន​បង្រៀន​ថាផ្លូវ​ដែល​នាំទៅរក​ក្តីសុខប្រាស ចាក​កង្វល់អោយបាន​ដល់​នូវ​ការ​ចំរើន​លូតលាស់​រុងរឿង និង សន្តិភាព​នោះ​មាន ៣៨​ប្រការ​គឺ​៖

១. កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ (​អ​សេវនា ចពាលា​នំ ) ។​

ព្រះសម្មាសម្ពុទ្ធ បាន​បង្រៀន​ថាបុគ្គល​ពាល​មាន​៣​ជំពូក​គឺ
​ក​. បុគ្គល​លង់​ខ្លៅ គ្មាន​គំនិតប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាព និង គំនិត​ប្រាជ្ញាជា​បុគ្គល​រីករាយ​ក្នុង​ភាព​លង់​ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬ ចាស់ព្រឹទ្ធាចារ្យ ចាត់ទុក​ជា​បុគ្គល​ពាល​ជំពូ​កមូយ ដោយហេតុធ្វើខ្លួន​អោយ​ជា​បុគ្គល​មិន​មាន​ប្រយោជន៍ ឬធ្វើខ្លួន​អោយ​បាត់បង់​ឱកាស​ក្នុងការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែលខ្លួន​មាន​ឱកាស​កើត​ជា​មនុស្ស​។​
​ខ​. បុគ្គល​ស្វែងរក​ក្តី​សុខ ឬប្រយោជន៍​ខ្លួនឯងដោយការធ្វើអោយខូចប្រយោជន៍ ​អ្នក​ដទៃ ខូច​ក្តី​សុខ​អ្នកដទៃឬ​ស្វែងរក ក្តី​សុខ​អោយ​ខ្លួន​ឯង​ដោយ​ការ​បៀត​បៀត​ក្តី​សុខ​អ្នកដទៃ​។​
​គ​. បុគ្គល​ធ្វើអោយ​ខូច​ប្រយោជន៍​អ្នក​ដទៃ​ផង ខ្លួនឯង​ផង ។
​ ព្រះពុទ្ធ​បង្រៀន​ថា ដើម្បី​ញ៉ាំង​ជីវ​លោក​អោយបាន​ប្រសើរបុគ្គល​គ្រប់​រូប​ត្រូវតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នាប៉ុន្តែ​ការ​សេពគប់​ត្រូវតែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថាបើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ នោះដែរ​។ បុគ្គល​ពាល​ទាំង​៣​ជំពូក​នេះ ជា​ប្រភេទ​មនុស្ស​គួរអោយខ្លាច​ជាង​អ្វីៗ​ទាំងអស់ហើយ​មិន​គប្បី សេពគប់​ជាដាច់ខាត ព្រោះ​ការ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះក្រៅពី​ធ្វើអោយ​យើង​វិនាស​ប្រយោជន៍ អា​សោចិ​កេរ្តិ៍ឈ្មោះ អស់​ទ្រព្យសម្បត្តិខាត​ពេលវេលា គំនិត​ប្រាជ្ញា​ទៅថែម​ទាំង​នាំអោយ​យើង​ក្លាយជា​បុគ្គល​ពាល​ជាមួយ​គេ​ផង​ទៀត ។ ព្រះពុទ្ធ​បាន​បង្រៀន​ថាប្រសិន​បើ​ក្នុង​លោក​នេះ មាន​តែ​មនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​រូបអ្នកហើយ​ម្នាក់ទៀត​ជា​បុគ្គល​ពាល​ក្តី ក៏​មិន​គប្បី​ទៅ​សេពគប់​ជាមួយ​បុគ្គល​នោះឡើយហើយ​គប្បី នៅ​តែ​ម្នាក់ ឯង​ដោយ​រឹងមាំ​ចុះ ។ ការចេះ​ប្រុងប្រយ័ត្នហើយ​ចៀសវាង​បាន​នូវ​ការ​សេពគប់​បុគ្គល​ពាល​យ៉ាងណា នេះ​ជា​មង្គល​ដ៏​ឧត្តម ។​

២. កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ (​បណ្ឌិតាន​ញ្ច សេ​វនា )

​ បណ្ឌិត គឺ​លោកអ្នក​ដែល​មាន​ចំណេះវិជ្ជា​ជ្រាលជ្រៅ ហើយ​មាន​គុណធម៌​ខ្ពង់ខ្ពស់និង​សីលធម៌​ថ្លៃថ្នូរ មិន​បំផ្លាញ​ប្រយោជន៍ និង ក្តី​សុខ​របស់ខ្លួន​និងមិន​ធ្វើអោយ​អ្នក ដទៃ​ខូចប្រយោជន៍ ឬ ខូច​ក្តី​សុខមិន​ធ្វើអោយ​គេ​ឈឺចាប់​ទាំង​ផ្លូវកាយ និង ចិត្ត ។ ម្យ៉ាង ទៀត​បុគ្គល​ដែលជា​បណ្ឌិត​តែង​ប្រកប​ដោយ​គុណធម៌​ពីរ​យ៉ាង​គឺ​៖ជា​បុគ្គល​ខ្មាសអៀន​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់ (​ហិរិ ) និង​ខ្លា​ចក្តីអាក្រក់មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់​ទាំងឡាយ ទាំង​ក្នុង​ទី​កំបាំង​និង​ទី​ចំហរ (​ឱត្តប្បៈ )​។ ព្រះពុទ្ធ បង្រៀន​ថា ដើម្បី​បាន​ក្តី​ចំរើន​ទាំង​គំនិត ប្រាជ្ញាទាំង​ក្នុង​សេដ្ឋកិច្ច ជីវភាព និង ដើម្បី​បាន​ជា​ប្រយោជន៍​ទាំង ឡាយពួក​បុគ្គល​គប្បី​ខ្នះខ្នែង ស្វែងរក​ការ​សេពគប់​ជាមួយ​បុគ្គល​ជា​បណ្ឌិត ។ដូច្នេះ​កិរិយា​សេពគប់​នូវ​បុគ្គល​ដែល​មាន​គតិបណ្ឌិត ជា​មង្គល​ដ៏​ឧត្តម ។​

៣. កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា (​បូជា ចបូ​ជនី​យានំ )​។

​បូជា​គឺ​ការអោយ ឬ ការគោរព​ប្រតិបត្តិមាន​ពីរ​យ៉ាង​គឺ​៖
​ក​. បូជា​ដោយ​ការ​អោយ​សម្ភារៈ​ផ្សេងៗ (​អាមិស​បូជា )
​ខ​. បូជា​ដោយ​ការគោរព​ត្រង់ត្រាប់ ស្តាប់​គំនិត យោបល់និង អនុវត្តតាម (​បដិបត្តិ​បូជា )​។​
​ ការបូជា ជា​ការប្រសើរប៉ុន្តែ​បើ​បូជា​ដល់​បុគ្គល​ពាល គ្មាន​គុណធម៌ គ្មាន​សីលធម៌ក្រៅពី​មិនបាន​ផល​ល្អ​ដល់​ខ្លួនឯង និង សង្គម​ទៅ ក៏​នៅ​រមែង​បាន​នូវ​ក្តី​អន្តរាយក្តៅ ក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែមទៀត​ផងជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើក​តំកើង​សភាវៈ​អាក្រក់ ។ ហេតុនេះការបូជា​ត្រូវតែ​ធ្វើឡើង​ដោយ​បញ្ញា គឺ​ធ្វើ​ចំពោះ​បុគ្គល​ដែល​គួរ​គោរពបូជាគឺជា​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពស់ មាន​សីលធម៌​ដ៏​ប្រពៃតែង​ធ្វើ​នូវ​សេចក្តីសុខ​ចម្រើន ដល់​សង្គម​មនុស្ស​ជា​និច្ច ។ បូ​ជនី​បុគ្គល​ទាំងនេះមាន​ជាអាទិ៍ ព្រះពុទ្ធ​, ព្រះធម៌​, ព្រះសង្ឃ​, មាតា​, បិតា​, គ្រូអាចារ្យ និងអ្នក​ដែល​មាន​គុណូ បក្ការៈ​ចំពោះ​ខ្លួន ឬ ចំពោះ​សង្គម​ជាតិ​ជាដើម ។ដូច្នេះ​ការគោរព​បូជា​ដល់​បូជនីយ បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

៤. កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សម​គួរ (​បដិរូប​ទេសវា​សោច )​

​ ប្រទេស​ដ៏​សមគួរ​គឺ​ប្រទេស ដែល​មាន​សុខសន្តិភាពគ្មាន​សង្គ្រាម​កាប់សំលាប់​គ្នា និង​បរិបូណ៌​ដោយ​ធម៌​វិន័យ ច្បាប់ទម្លាប់​ល្អ​ប្រពៃនិង​សម្បូរ ដោយ​អ្នកប្រាជ្ញ រាជ​បណ្ឌិត្យ អ្នក​មាន​គុណធម៌ និង សីលធម៌​ថ្លៃថ្នូរប្រព្រឹត្ត​ប្រតិបត្តិ​ច្បាប់​រដ្ឋ និង​ធម៌​វិន័យ​ត្រឹមត្រូវជា​ប្រទេស​ដែល​មាន​អ្នកដឹកនាំ និង មន្ត្រី​ប្រកបដោយ​ធម៌ ដឹកនាំ​សង្គម​ជាតិ​ដោយ​ការគោរព​ច្បាប់ ដោយ​យុត្តិធម៌ និង ជាហេតុ​នាំ​ឱ្យ​មានក្តី​ចម្រើន​រុងរឿង ។ការរស់នៅ​ក្នុង​ប្រទេស​បែបនេះ​ជាការ​ប្រពៃ​ព្រោះ​ជា​គ្រឹះ​ក្នុង​ ការអភិវឌ្ឍន៍គំនិត​ប្រាជ្ញា​ជាដើម ។ កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សមគួរ​បែបនេះជា​មង្គល​ដ៏​ឧត្តម ។​

៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ កត​បុញ្ញ​តា )

​ ធម្មតា​អ្នក​ដែល​បាន​យល់ច្បាស់នូវ​ផល​ល្អ​នៃ​អំពើ​សុចរិត និង​ផល​អាក្រក់​នៃ​អំពើ​ទុច្ចរិតតែង​ប្រញាប់ប្រញាល់​វៀរចាក​អំពើអាក្រក់​គ្រប់យ៉ាង ហើយ រួត​រះ​ធ្វើបុណ្យ​រាល់ៗ​ជាតិព្រោះ​អំពើ​ល្អ​តែង​ផ្តល់​ផល​ជា​សុខ ។ ន័យ​នេះ​ក៏​បាន​ដល់​ការកសាង ឬការខិតខំ​ប្រឹងប្រែង​ក​សាង​សមត្ថភាព និង លក្ខណៈសម្បត្តិ​គ្រប់យ៉ាង ដូច​ជា​ការត្រៀម​ធនធាន​ទុកជាមុន លុះ​ពេល​ត្រូវការ ក៏​អាច​យក​សមត្ថភាព លក្ខណៈសម្បត្តិ និងធនធាន​នោះ​ប្រើការ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ។ ដូច្នេះ​ការខិតខំ​លះបង់​បាន​នូវ​អំពើ​អាក្រក់ហើយ​ព្យាយាម​ធ្វើ​ឱ្យបាន​នូវ​អំពើ​ល្អ​ក្នុង​កាល​មុន ជា​មង្គល​ដ៏​ឧត្តម ។

៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (​អត្ត​សម្មា​ប​ណី​ធិ ច )​។

​ តំកល់​ខ្លួន មានន័យ​ថាការ​ធ្វើ​ខ្លួន​នៅក្នុង​ប្រភេទ​ណា​មួយ ។ ប្រការនេះ បាន​ដល់​កិរិយា​ចេះ​ពិចារណាឱ្យ​យល់​ច្បាស់​លាស់​ថា អំពើ​ល្អ​ពិតជា​ផ្តល់​ផល​ល្អ ឯអំពើអាក្រក់​ពិតជា​ផ្តល់​ផល​អាក្រក់ ហើយ​ក៏​កើត​មាន​សទ្ធា​ជឿ​កម្មផល យ៉ាង​មុតមាំព្រមទាំង​ញ៉ាំង​ខ្លួន ឱ្យ​ព្យាយាម ធ្វើ​តែ​អំពើ​ល្អ មាន​ធ្វើ​ទាននិង​រក្សាសីល​ជាដើម ។ កិរិយា​យល់​ច្បាស់​អំពី​វិបាក​នៃ​កម្មហើយ​ប្រញាប់​តម្កល់​ខ្លួន​ក្នុង​ទាន​សីល ភា​វនា សមាធិអោយ​នៅ​តែ​ក្នុង​សេចក្តី​ព្យាយាម មិន​ខ្ជឹលច្រអូស តាំងខ្លួន​អោយ​នៅ​ក្នុង​សត្តិអោយ​នៅ ឆ្ងាយ​ពី​ការ​ធ្វេសប្រហែស ឬមិន​យក​ខ្លូន​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​អាក្រក់​ណាមួយ យ៉ាង​នេះ​ជា​មង្គល​ដ៏​ឧត្តម។​

៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀនសូត្រ​ចេះដឹង​ច្រើន (​ពាហុ​សច្ច )​។

​ ប្រការ​នេះ​បាន​ដល់​ការ​ស្តាប់ ការអាននិង​សិក្សា​រៀនសូត្រ​ចំណេះវិជ្ជា​ទាំង​ផ្ញូវ​លោក និង ផ្លូវ​ធម៌ស្តាប់​ឱវាទ​របស់​បណ្ឌិត​ទាំងឡាយ និង​ដំបូន្មាន របស់​ព្រឹទ្ធាចារ្យ មាតា បិតា គ្រូនិង រៀមច្បង​ជាដើម ដើម្បី​ក្លាយជា​បុគ្គល​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ មាន​សមត្ថភាពនិង មាន​គំនិត​ប្រាជ្ញា​ភ្លឺ​ត្រចះត្រចង់ ដែល​ជាហេតុ​ញ៉ាំង​ប្រយោជន៍និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​យ៉ាង​ពិតប្រាកដ ។ ការខិតខំ​ស្តាប់អាន និង​សិក្សា​រៀនសូត្រ​ឱ្យបាន​ចេះដឹង​ជ្រៅជ្រះ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

៨. សេចក្តី​ឆ្លៀវឆ្លាត​ប៉ិនប្រសប់​ក្នុង​សិល្បៈ​ទាំងពួង ( សិ​ប្បៈ )​។

​ ប្រការ​នេះ​បាន​ដល់​ការចេះដឹង និង ការ​ប៉ិនប្រសប់ស្ទាត់ជំនាញ​ក្នុង​សិប្បកម្ម បច្ចេក ទេស​ទាំងឡាយ យ៉ាងហោច​ណាស់​អោយ​ស្ទាត់​ជំនាញនូវ មុខវិជ្ជា​ណា ដែល​ខ្លួន​បាន​សិក្សា (​ឬ នៅក្នុង​មុខ​តំណែង​ដែល​ខ្លួន​ប្រកប​ធ្វើ ) ដែល​នាំមក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ។ ដូច្នេះ​កិរិយា​ឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិន ប្រសប់​ក្នុង​សិប្បកម្ម ហត្ថកម្ម​ទាំងពួងជា​មង្គល​ដ៏​ឧត្តម ។​

៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ចសុ​សិក្ខិ​តោ )

​ វិន័យ​គឺជា​ច្បាប់​ទម្លាប់​របស់​ប្រទេស​និង​របស់​ព្រះពុទ្ធសាសនា ។សម្រាប់​គ្រហស្ថ​បាន​ដល់​សីល​៥ សីល​៨ និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។ សម្រាប់​បព្វជិតបាន​ដល់​វិន័យ​របស់​អ្នកបួស និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។បុគ្គល​ដែល​មាន​ចំណេះវិជ្ជា មាន​ទ្រព្យ សម្បត្តិ យសស័ក្តមានត្រកូល​ខ្ពង់ខ្ពស់​យ៉ាងណាក៏ដោយ ប្រសិនបើ​គេ​ជា​បុគ្គល​អាណា​ចារ គ្មាន​វិន័យគ្មាន​សីលធម៌ រស់នៅ​ដោយ​ការបំពាន លើ​ច្បាប់​នោះគេ​នឹង​មិន​ទទួលបាន​ការគោរព​កោតសរសើរ​ឡើយ ប្រសិនបើ​ទទួលបាន​វិញគឺ​បាន​តែ​ពួក​មនុស្ស​អែបអប​រណេបរណប​ប៉ុណ្ណោះហើយ​មិនយូរប៉ុន្មាន​គេ​នឹង​ទទួលបាន​នូវ​ក្តី វិនាស​ជាមិនខា​ន ។ហេតុនេះ​កិរិយា​រៀន​វិន័យ​និង​ច្បាប់​រដ្ឋ និង​ព្យាយាមប្រព្រឹត្ត​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ ជា​មង្គល​ដ៏​ឧត្តម ។​

១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភាសិតា ច យា វាចា )​។

​ មនុស្ស​តែង​ប្រើ​ការនិយាយ​ជា​មធ្យោបាយ​ទំនាក់ទំនង និងផ្តល់​ព័ត៌មាន​ដល់​គ្នា នឹង​គ្នា ប៉ុន្តែព្រះពុទ្ធ​បាន​បង្រៀន​អោយ​យើង​ចេះ​ជ្រើសរើសពាក្យសំដី​សម្រាប់​និយាយ​ស្តីអោយ​ដូច​ជា​កសិករ​ជ្រើសរើស​គ្រាប់ពូជ​សម្រាប់​ ដាំ​ដុះសាប​ព្រួស​យ៉ាង​នោះដែរ ហើយ​ព្រះអង្គតែង​បាន​បង្រៀន​យើង​កុំអោយ​ពោល​ពាក្យ​ណា​ដែល​ធ្វើអោយ​អ្នក​ដទៃ​ឈឺចាប់ ខូច​ប្រយោជន៍បែកបាក់​សាមគ្គី ឬ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ ។ ពាក្យ​ល្អ ពីរោះមាន​ប្រយោជន៍​សូម្បីតែ​មួយ​ឃ្លា មួយ​ប្រយោគ ក៏​ប្រសើរ​ជាង​ពាក្យ​រោយ​រាយឥតប្រយោជន៍​រាប់​ពាប់​ប្រយោគ​ដែរ ។ ពាក្យ​ដ៏​ប្រពៃ​សំដៅ​ដល់​កថាវត្ថុគឺ​ពាក្យ​ដែល​បុគ្គល​គប្បី​ពោល ១០​យ៉ាង គឺ​ពោល​អំពី​ការ​មិន​លោភលន់​១, អំពី​ការសណ្តោស​១, អំពី​ការ​សប់​សាត់​កាយ​និង​ចិត្ត​១, អំពី​ការ​នៅ​មិន​ច្របូកច្របល់​ដោយ​ពួកក្រុម​១, អំពី​ការព្យាយាម​១, អំពី​សីល​១, អំពី​សមាធិ​១, អំពី​បញ្ញា​១, អំពី​ព្រះ​និព្វាន​១ និង​អំពី​ធម៌​រំលត់ទុក្ខ​១ ។កិរិយា​ពោល​នូវ​ពាក្យ​ដ៏​ប្រពៃ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

១១-១២. កិរិយា​បម្រើ ឬ ទំនុកបម្រុង​មាតា​និង​បិតា (​មាតាបិតុ ឧបដ្ឋានំ ) ។

​ កូនប្រុស​-​ស្រី មាន​កាតព្វកិច្ច​ត្រូវ​ចិញ្ចឹម មាតា បិតាធ្វើ​ការងារ​ជំនួស​គាត់​រក្សា​វង្ស​ត្រកួល​ឱ្យ​គង់វង្ស និង​ខ្ពង់ខ្ពស់ធ្វើខ្លួន​ឱ្យ​សមរម្យ​ជា អ្នកទទួល​មរតក​ពី​គាត់ ធ្វើបុណ្យ​ជូន​គាត់​ជា​ដើម ។ព្រោះថា កូន​ដែល​ដឹង​គុណមាតា បិតា ហើយ​ប្រព្រឹត្ត​ប្រតិបត្តិ​គោរព​មាតា បិតាដូច​ពោល​មកនេះ រមែង​មិន​ច្យុត​ឡើយ ។ ដូច្នេះ​កិរិយា​បម្រើ ទំនុក​បម្រុង មាតា បិតាជា​មង្គល​ដ៏​ឧត្តម ។​

១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (​បុត្ត​ទា​រស្សសង្គហោ )​

មាតាបិតាដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​កូនគឺ​ហាមឃាត់​កូន​កុំឱ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​១, ណែនាំ​កូន​ឱ្យ​ធ្វើ​តែ​អំពើ​ល្អ (​ទាំង​ការគិតទាំង​សកម្មភាពនិងពាក្យសំដី )​ជា​អំពើ​មានតែ​ប្រយោជន៍មិន​នាំ​ផល​ក្តៅក្រហាយ​១, ទំនុកបម្រុង​កូន​ឱ្យបាន​រៀនសូត្រអោយមាន​ចំណេះដឹងមាន​សមត្ថភាព​អាច​រស់នៅ​ដោយ​ថ្លៃថ្នូរ​១, ទុកដាក់​កូន​ឱ្យ​មាន​គូស្រករ​ត្រឹមត្រូវ​១, និង​ចែក​ទ្រព្យសម្បត្តិ​ឱ្យ​កូន​បាន​សមរម្យ​១, ឈ្មោះ​ថា​ជា​មាតាបិតា​សង្គ្រោះ​បុត្រ​យ៉ាង​ល្អ។ឯ​ស្វាមី​ដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​ភរិយា​គឺនិយាយ​ពាក្យ​ផ្អែមល្ហែម​នឹង​ភរិយា​១, មិន​មើលងាយ​ភរិយា​១, មិន​ក្បត់​ភរិយា​១, ផ្គត់ផ្គង់​ភរិយា​១និង​ផ្តល់​សិទ្ធិ​ក្នុង​ផ្ទះ​ឱ្យ​ភរិយា​១ឈ្មោះ​ថា​ស្វាមីសង្គ្រោះ​ភរិយា។បុរស​ដែល​បាន​ធ្វើ​កិច្ច​នេះ​ដោយ​ពេញលេញនិងទៀងទាត់​ឈ្មោះថា​ជា​អ្នក​បាន​កសាង​គ្រឺះ​សុភមង្គល​ទាំងក្នុង​គ្រួសារនិងសម្រាប់​សង្គមជាតិ។ដូច្នេះ​កិរិយា​ព្យាយាម​ប្រព្រឹត្ត​ឱ្យបាន​ល្អ​ក្នុង​ការសង្គ្រោះ​បុត្រ​និង ​ភរិយាជា​មង្គល​ដ៏​ឧត្តម។​

១៤. ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ( អ​នាកុ​លា ចកម្ម​ន្តា )​

​ នេះ​បាន​ដល់​ការចេះ​បែងចែក​ប្រភេទ​ការងារ​អោយ​ដាច់​ដោយឡែក​ពីគ្នា និងបំពេញ​ស្រេច​រួចរាល់​មិន​ទុក​ចោល​កណ្តាល​ទី ។ អ្នក​ដែល​ធ្វើការ មិន​ច្របូកច្របល់គឺជា​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម ហ្មឺង​ម៉ាត់ដែល​អាច​ឱ្យ​សម្រេច​បាន​រាល់​ការងារ​បាន​យ៉ាង​ល្អ ។ ធ្វើ​បាន​យ៉ាង​នេះពិតជា​នាំមក​សេចក្តីចម្រើន​ជា​លំដាប់ ។ ដូច្នេះ​ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ជា​មង្គល​ដ៏​ឧត្តម ។​

១៥. កិរិយា​បរិច្ចាគ​ទាន (​ទា​នំ )

ទានគឺ​ការ​អោយហើយ​គោលដៅនិងបំណង​នៃ​ការ​អោយ​នេះគឺ​មិនមែន​ក្នុងបំណង​ដើម្បី​ទទួល​បាន​ការ​តប​ពី​គេ​មក​វិញ​ឡើយ។បុគ្គល​ដែល​បាន​អោយ​របស់​អ្វី​ម្យ៉ាង​ទៅ​បុគ្គល​ណា​ហើយរំពឹង​ចង់បានការ​តបស្នង​ដោយ​ប្រការ​ណាមួយបុគ្គល​នោះ​មិនមែន​ជា​អ្នក​ធ្វើ​ទាន​ទេគឺជា​អ្នក​ធ្វើ​វិនិយោគ។ការ​ធ្វើ​ទាន​គឺ​ដើម្បី​កាត់បន្ថយនូវ​គំលាត​គ្នា​រវាងអ្នកមាន​និង​អ្នកក្រនិងជា​ការលើកស្ទួយ​វប្បធម៌​ចែករំលែកក៏​ជា​វិធី​ដើម្បី​កុំ​អោយ​មនុស្ស​គិតតែ​ពី​ការ​បានដែល​ជា​ហេតុ​បង្ក​អោយមានទំនាស់​ផ្សេងៗ​ដោយសារ​ដណ្តើម​ផលប្រយោជន៍។ធ្វើ​ទាន​បាន​ដល់​ការ​ធ្វើ​អំណោយ​ពីរ​យ៉ាង​គឺការ​ឱ្យ​សម្ភារៈ​សម្រាប់​ទ្រទ្រង់​ជីវិតដូចជាសម្លៀក​បំពាក់ចំណីអាហារផ្ទះសម្បែងនិង​ថ្នាំ​ព្យាបាល​រោគ​ជាដើម ហៅថាអាមិស​ទានគឺ​ការអោយ​វត្ថុសម្ភារៈ​១ និង​ការ​ឱ្យ​ចំណេះវិជ្ជា​គំនិត​យោបល់​ល្អដើម្បី​គេ​បាន​ស្គាល់​ខុស​ត្រូវស្គាល់​ផ្លូវទៅ​រក​ប្រយោជន៍និងភាពជោគជ័យល្អ​អាក្រក់បុណ្យ​បាប​ជាដើមហៅថាធម្ម​ទានគឺ​ការ​អោយ​ចំណេះវិជ្ជាគំនិត​ប្រាជ្ញា​១។កិរិយា​ដែលបាន​ធ្វើ​នូវ​ទាន​ទាំង​ពីរ​ប្រការនេះជា​មង្គល​ដ៏​ឧត្តម។​

១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (​ធម្មចរិយា ) ។

​ បាន​ដល់​ធម៌​១០​យ៉ាង​គឺ កិរិយា​មិន​សម្លាប់​១, កិរិយា​មិន​លួចប្លន់​១, កិរិយា​មិន​ប្រព្រឹត្ត ល្មើស​ក្នុង​កាមតណ្ហា​១, កិរិយា​មិន​កុហក​ឆបោក​កេងប្រវ័ញ្ច​១, កិរិយា​មិន​ពោល​ពាក្យ​ញុះញង់ អុច​អាលបំបែកបំបាក់​១, កិរិយា​មិន​ពោល​ពាក្យ​អាក្រក់​អសុរោះ​១, កិរិយា​មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១, កិរិយា​មិន​លោភលន់​លើ​ទ្រព្យ​អ្នកដទៃ​១, កិរិយា​មិន​គុំគួន​ព្យាបាទ​អ្នកដទៃ​១ និង​កិរិយា​យល់​ត្រឹមត្រូវគឺ​យល់ថា​ធ្វើ​ល្អ​បានល្អ ធ្វើ អាក្រក់​បាន​អាក្រក់ និងយល់​តាម​សភាវៈ​ពិត​នៃ​ធម្មជាតិ និង លោកិយ​១ ។កិរិយា​ដែល​ចេះ​ពិចារណា​ឱ្យបាន​ជាក់ច្បាស់ហើយ​ប្រព្រឹត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ធម៌​ទាំង​១០ ប្រការនេះ ជា​មង្គល​ដ៏​ឧត្តម។​

១៧. កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ ( ញាតកា​ន​ញ្ច សង្គហោ )

​ ដែល​ហៅថា​ញាតិ បាន​ដល់​បងប្អូន​ជា​ញាតិសន្តាន​ទាំង​ពីរ​ខាងគឺ​តាំងពី​ដូនតា​ជំនាន់​ទី​៧​ខាង​មាតា​ចុះមក និង​តាំងពី​ដូនតា​ទី​៧​ខាង​បិតា​ចុះមក (​ដែល​ហៅថា ញាតិ​ប្រាំពីរ សន្តាន )​។ មនុស្ស​ល្អ​តែង​ស្រឡាញ់​រាប់អាន និង​សង្គ្រោះយិតយោង លើកស្ទួយ ផ្ចុង ផ្តើម អោយ​ញាតិសន្តាន​របស់ខ្លួន​អោយ បាន​សិក្សាអប់រំមានមុខ​របរ​ការងា​រ​សុចរិត និង ជួយ​ដាស់តឿន​ដឹកនាំ​អោយ​ពួកគេ​ដើរ​លើ​ផ្លូវ​ល្អផ្លូវ​ត្រឹមត្រូវ​យ៉ាង​ប្រពៃ ចូរប្រយ័ត្ន ប្រយែង​ក្រែង​ក្លាយជា​ជន​អគតិ​គឺ​លំអៀងប្រព្រឹត្ត​ប្រាសចាក​ច្បាប់ និង គុណធម៌ (​ដោយសារតែ​ការយោគយល់​ថា ជា​សាច់ញាតិ ) ។ដូច្នេះ​ការចេះ​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ​ញាតិសន្តាន​របស់​ខ្លួន​ដោយ​ ប្រពៃជា​មង្គល​ដ៏​ឧត្តម ។​

១៨. កិរិយា​ប្រកប​ការងារ​ទាំងឡាយ​ដែល​មិន​មាន​ទោស ( អនវ​ជ្ជា​និ កម្មា​និ )

​ ការងារ​ទាំងឡាយ​ដែល ផ្ទុយ​នឹង​អំពើអាក្រក់ទុច្ចរិត អយុត្តិធម៌​ទាំងឡាយ លោក​ហៅថា ការងារ​បរិសុទ្ធ ឬ​សម្មាអាជីវៈ ។ការងារ​ដែល​មិន មាន​ទោស​ដូច​ជា ការ ចិញ្ចឹម​មាតា បិតា គ្រូអាចារ្យចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នក​កម្សត់​ទុគ៌ត ការកសាងសម្បត្តិ​សាធារណៈ​មាន ស្ពាន ផ្លូវថ្នល់ សាលារៀន​ជាដើម និង​ការ​ចែកចាយ​សៀវភៅ​ធម៌អាថ៌ ក្បួនច្បាប់ឬ​ពន្យល់​ផ្សព្វផ្សាយ​នូវ​ចំណេះវិជ្ជា​ដ៏​ល្អ​នូវ​ធម៌​ដ៏​ប្រពៃ​ដល់​អ្នកដទៃដើម្បីឱ្យ​គេ​បាន​យល់​ស្គាល់​ខុស​ត្រូវ ល្អ​អាក្រក់​ហើយ​ព្យាយាមប្រព្រឹត្ត​តែ​អំពើ​ល្អ​ជា​ដើម ។ ទាំងនេះ​គឺជា​ការងារ​មិន​មាន​ទោស ។ការប្រព្រឹត្ត​តែ​ការងារ​មិន​មាន​ទោស ជា​មង្គល​ដ៏​ឧត្តម ។​

១៩. កិរិយា​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា​វៀរចាក​បាប ( អា​រតី វិ​រតី​បាបា )

​ ការ​មិន​ត្រេកអរ​ក្នុង​បាប បាន​ដល់​ចិត្ត​ដែល​មិន​ត្រេកអរ​នៅ​ពេល​ដឹង ឬ​ឮ ឬ​ឃើញគេ​គិត ឬ​កំពុង​ធ្វើ​អំពើ​អាក្រក់ អំពើ​បាប​ទាំងឡាយ មានការប្រព្រឹត្ត​ខុស​ក្នុងុកាម ការ​កុហក​កេងប្រវ័ញ្ច ឆបោក និងធ្វើអំពើ​ទាំងឡាយ​ជា​អបាយមុខ ឬ មាន​ការកាប់​សម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញបៀត​បៀត​ក្តី​សុខ​ដល់​គ្នា​នឹង​គ្នា​ជាដើម​ផង ថែមទាំង​មានក្តី​សង្វេគ​តក់ស្លុតចំពោះ​អំពើ​ទាំងនោះ​ទៀត​ផង ។ឯការ​វៀរចាក​បាប​បាន​ដល់​ការចៀសវាង​មិន​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បាប​ ទាំងឡាយដូចដែល​បាន​ពោល​មក​ហើយ​ជា​ដើម ព្រោះ​មាន​សទ្ធា​ជឿជាក់ថា ធ្វើ​ល្អ​ពិតជា​បាន​ល្អធ្វើ​អាក្រក់​ពិតជា បាន​អាក្រក់ ។ ដូច្នេះ​កិរិយា​ដែល​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា វៀរចាក​បាប​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

២០. សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ( មជ្ជ​បា​នា ច សញ្ញា​មោ )

​ នេះ​បាន​ដល់​ការ​តម​សុរានិង​មេរ័យ​គ្រប់​ប្រភេទព្រោះ​បាន​យល់​ច្បាស់​នូវ​ផល​អាក្រក់​នៃ​ការផឹក​ទឹកស្រវឹង​នេះ ដូចជា​អស់​ប្រាក់​កាសខាត​ពេល វេលា ខូច​សុខភាព ធ្វើ​អោយ​ខ្សោយ​គំនិត​ប្រាជ្ញា និង​ជួនកាលបណ្តាល​ឱ្យ​មាន​កិរិយា​ថោកទាប​និង​ឈ្លោះ ទាស់ទែង​គ្នា​ទៀតផង ។ ដូច្នេះ​ការពិចារណាឱ្យ​ឃើញ​ច្បាស់ នូវ​ទោស​នៃ​សុរាហើយ​ តាំងចិត្ត​ព្យាយាម​ចៀសវាង​ឱ្យបាន​នូវការផឹក​ទឹកស្រវឹង​គ្រប់​ប្រភេទ ជា​មង្គល​ដ៏​ឧត្តម ។​

២១. ការ​មិន​ប្រមាថ​ក្នុង​ធម៌​ទាំងឡាយ ( អប្បមា​ទោ ចធម្មេ​សុ )

​ នេះ​បាន​ដល់​ការ​មិន​ធ្វេសប្រហែស ភ្លេចខ្លួនព្រោះថា​ការ​បណ្តោយ​ខ្លួន​ឱ្យ​លង់លក់​ទៅក្នុង​អំពើ​អកុសល​និង​អបាយមុខ​មាន ស្រី ស្រានិង​ល្បែងស៊ីសង​ជាដើម គឺជា​មូល ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។បុគ្គល​មិន​ប្រមាថ​រមែង​មិន​ភ្លេចខ្លួន ហើយ​តែង​ភ្ញាក់រលឹក យល់​ត្រូវ​ជា​និច្ចដែល​ជា​កត្តា​នាំមក​នូវ​សេចក្តីចម្រើន​ដល់​ខ្លួនឯង​និង​សង្គម សម​ដូច​ពុទ្ធភាសិត​ថា “​អប្បមា​ទោ អមតំ​បទំ​” ការ​មិន​ប្រមាទ ជា​ផ្លូវ​នៃ​ក្តី​មិន​ស្លាប់ ។ដូច្នេះ​ការ​មិន​ប្រមាថ​ភ្លេចខ្លួន ហើយ​ភ្ញាក់រលឹក​ព្យាយាម​ធ្វើ​តែ​អំពើ ល្អ សុចរិតយុត្តិធម៌ ជា​មង្គល​ដ៏​ឧត្តម ។​

២២. កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ( គារ​រោ ច )

​ ការគោរព​ត្រូវ​ប្រកបដោយ​អង្គ​បី គឺ​ដោយ កាយគឺ​ឱនលំទោន​លើកដៃ​សំពះ​១, ដោយ​វាចា គឺ​ពោល​ពាក្យ​ទន់ភ្លន់​សុភាពរាបសា​១និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ មើលងាយ​១ ។ ឯ​បុគ្គល​ដ៏​ជាទី​គោរព​នោះគឺ​បាន​ដល់​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពង់ខ្ពស់​ទាំងឡាយ មាន​ព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យ​ជាដើម​១បុគ្គល​ដែល​មាន​ជាតិ​ត្រកូល​និង​គុណធម៌​ខ្ពង់ខ្ពស់​ដូចជា​លោក​ជា​ អ្នកប្រាជ្ញ និងអ្នក​ដឹកនាំ​រដ្ឋ មាន​មន្ត្រី រាជការ ដែល​មាន​ភាព​សុចរិត​ទៀងត្រង់តាំង​នៅក្នុ​ច្បាប់​ជាដើម​១ និង​បុគ្គល​ដែល​មាន​អាយុ​ច្រើន​ដូចជា​រៀមច្បងនិង​ចាស់ព្រឹទ្ធាចារ្យ ជាដើម​១ ។ ការ​ធ្វើ​នូវ​សេចក្តី​គោរព​ចំពោះគារវ​បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

២៣. កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន​( និ​វាតោ ច )​

​ នេះ​បាន​ដល់​ការខិតខំ​ជម្រុះ​នូវ​គំនិត​ដែល​សម្គាល់​ខ្លួនឯងជាតិ​សាសន៍​ខ្លួន ជាតិ​ត្រកូល​ខ្លួន ពូជ​អម្បូរ​ខ្លួន​ថា​ប្រសើរ​ជាង​គេ ។ព្រោះ​ថា​គំនិត​នេះ នឹង​នាំឱ្យ​កើត​អស្មិ​មានៈ​ក្នុង​ខ្លួន ហើយ​មើលងាយ​អ្នកដទៃដែលជា​មូលហេតុ​អោយ​មាន​ការ​ប្រជែង​វាសនា និងជា​ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។ បុគ្គល​ទោះ​មាន​ឋានៈ យសស័ក្តទ្រ​ព​សម្បត្តិ ចំណេះវិជ្ជា យ៉ាងណាក្តី បើ​ជា​បុគ្គល​ក្រអឺតក្រទម មិន​សង្រួម​ទេនោះនឹងមិន​ទទួលបាន​ការគោរព​រាប់អាន និង កោតសរសើរ​ឡើយប៉ុន្តែ​បើ​បែរជា​បាន​វិញ​គឺ​បាន​តែ​ពី​សំណាក់​ពួក​ជន​ប្លម​ប្រចុបប្រចែង និងជនពាល​តែប៉ុណ្ណោះ ។ ដរាបណា​គំនិត​ប្រកាន់ពូជសាសន៍​ជាតិ ត្រកូលនិង​អស្មិ​មានៈ​បាន​ត្រូវ​លះបង់​អស់ ហើយ ហើយ​ប្រព្រឹត្តធ្វើ​តែ​អំពើ​ល្អ​ព្រោះក្តី​មិនប្រមាថ ដរាប​នោះ​សេចក្តីសុខចម្រើន​នឹង​កើត​មាន​ជាមិនខាន ។ ដូច្នេះ​ការប្រព្រឹត្ត​បន្ទាបខ្លួនជា​មង្គល​ដ៏​ឧត្តម ។​

២៤. សេចក្តី​សណ្តោស​ត្រេកអរ​ចំពោះ​របស់​ដែលមាន (​សន្តុដ្ឋី ច )

​ នេះ​បាន​ដល់​សភា​ពនៃ​ចិត្ត​ដែល​ត្រេកអរទៅតាម​មាន​តាម​បាន គឺ​ទៅ​តាម​សមត្ថភាព និង​លទ្ធភាព​របស់​ខ្លួន​ដែលមាន ។ព្រះពុទ្ធ​បាន​បង្រៀន​មនុស្ស អោយ​ចេះខិតខំ​ប្រង​ប្រែង​ព្យាយាម​បំពេញ​ការងារ​អោយ​យ៉ាង​អស់ពី​សមត្ថភាព និងសក្តានុពល​របស់​ខ្លួន ប៉ុន្តែ ការ​ដែល​បាន​សម្រេច​សម តាម​បំណង​ប៉ុណ្ណាក៏​តោង​ចេះ​អោយ​តម្លៃ និង ពេញ ចិត្ត​របស់​ទាំងនោះ ព្រោះថា​ក្នុង​លោក​នេះ ប្រសិនបើមនុស្ស​ប្រាថ្នា​អ្វី​បាន​ហ្នឹង​នោះពិភពលោក​មុខជា​មិន​បាន​គង់វង្ស​មក​ដល់​ថៃ្ង​នេះទេ ។ ម្យ៉ាង​សោត​រឿង​ពិត​ក្នុង​លោកតែងតែ​មាន​ការ​មិន​ស​ម​បំណង​ជារឿយៗ ហេតុនេះដើម្បី​រស់នៅ​ដោយ​ចុះសម្រុង​និង​មានក្តី​សុខ​នោះ គឺ​ត្រូវ​ចេះ​ទទួលស្គាល់​ការពិតនិង ស្កប់ស្កល់ ចំពោះ​អ្វី​ដែល​បានមក​ពី​ការខិតខំ​របស់​ខួ​ន ។ បុគ្គល​ដែល​មាន​សណ្តាន​ចិត្ត​សណ្តោស រមែង​មិន​ភ្លើតភ្លើន លោភលន់ ភ្លេចខ្លួនរហូត​មើលងាយ ឬ​ច្រណែន​នឹង​អ្នក​ដទៃ នៅពេល​ដែល​ខ្លួន​មាន​លាភ​យសស័ក្តិទ្រព្យសម្បត្តិ​ក្តី ឬ​ធ្លាក់​ខ្លួន​ក្រ​ខ្សត់ បាត់​យសស័ក្តិ​ក្តី ។ ដូច្នេះ​ការព្យាយាម​អប់រំ​ចិត្ត​ខ្លួន​ឱ្យបាន​ជា​ចិត្ត​សណ្តោស​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម។​

២៥. ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ( កតញ្ញូ​តា )

​ បុគ្គល​បែបនេះ​ឈ្មោះថា កតញ្ញូ​បុគ្គល ។ បុគ្គល​កតញ្ញូដែល​បាន​តបស្នង​សង​ឧបការ គុណ​គេ​វិញ​ឈ្មោះ​ថា កតញ្ញូ​តក​ត្ត​វេ​ទី​បុគ្គល ។ឯ​បុគ្គល​ដែល បាន​ធ្វើ​ឧបការគុណ គឺ​សេចក្តី​ល្អ​គ្រប់យ៉ាង​ដល់​អ្នកដទៃ​ឈ្មោះថាបុព្វ​ការី ។ មាតា បិតា ជា​បុព្វការី​របស់​កូន ព្រោះ​លោក​បាន​បង្កើតព្រោះ​លោក​បាន​បង្ហាត់បង្រៀន​បុត្រ ។ ព្រះសម្មាសម្ពុទ្ធជា​បុព្វការី​របស់​ពុទ្ធបរិស័ទ និង​មនុស្ស សត្វ​ទាំងឡាយព្រោះ​ព្រះអង្គ​បាន​ព្យាយាម​រក​ឃើញ​នូវ​មាគ៌ា​រំដោះ​ទុក្ខ គឺ​អដ្ឋង្គិក​មគ្គដើម្បី​មនុស្ស សត្វ ទេព្តា​ទាំងអស់ ៘ បើ​មិន​មាន បុព្វការី​ជន មាន​មាតា បិតាជាដើម​ទេនោះ សង្គមមនុស្ស​ក៏​មិន​អាច​ស្ថិតស្ថេរ​រីក​ចម្រើន​បាន​ឡើយ តោង​ប្រយ័ត្ន​បុគ្គល ខ្លះ​ដឹងថា​យើង​ជា​មនុស្ស​មិន​បំភ្លេច​គុណ និងតែង​តបស្នង​សងគុណ​គេ​វិញ​ជា​ប្រក្រតី​នោះ ក៏​បាន​ឆ្លៀតឱកាស​បង្កហេតុ​ហើយធ្វើ​ជា​មកជួយ​យកអាសារ​យើង ដើម្បី​អោយ​យើង​ជំពាក់​គុណ​គេ (​ទើប​គេ​អោយ​យើងធ្វើ​អ្វី​ម្យ៉ាង​ដែល​នាំមក​នូវ​ផល​អាក្រក់​ណាមួយ ) ។ ដូច្នេះ​ការខិតខំ​កសាង​ខ្លួន​ឱ្យបាន​ជា កតញ្ញូ​តក​វេទី​បុគ្គល​ផងទាំង​បុព្វការី​បុគ្គល​ផង ជា​មង្គល​ដ៏​ឧត្តម ។​

២៦. កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ( កា​លេន ធម្ម​ស្សវ​នំ )

​ ធម៌​ជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់​គឺ​ផលប្រយោជន៍ និងក្តី​សុខ​ក្នុង​ជីវិត ។ ប្រការ​នេះ​បាន​ដល់​ការខិតខំ​ឆ្លៀត​ពេល​ដ៏​មមាញឹកនៃ​ជីវិត​ប្រចាំ​ថៃ្ង ទៅ​ស្តាប់​ព្រះធម៌​យ៉ាង ហោចណាស់​មួយអាទិត្យ​បាន​ម្តងព្រោះថា​ធម៌​គឺជា​គុណជាតិ បំភ្លឺ​បង្ហាញ​ប្រាប់​ឱ្យ ស្គាល់​ខុស ស្គាល់​ត្រូវគុណ​ទោស ល្អ​អាក្រក់ បុណ្យ​បាប យ៉ាង​សត្យានុម័តដែល​អាច​យក​ទៅ​ប្រព្រឹត្ត​បាន​សេចក្តីសុខ​ខ្លួន ឯង​និង​សង្គមជាតិ (​ចំពោះ​ទស្សនៈ​ដែលថា ចាំ​ដល់​ចាស់ ឬ ពេល​ចូល​និវត្តន៍​ពី​ការងារ សឹម​ស្តាប់ធម៌​នោះជា​ទស្សនៈ​មិនទាន់​ត្រឹមត្រូវ​ឡើយ ) ។ ដរាបណា​មាន​អ្នកប្រព្រឹត្ត​ប្រតិបត្តិ​ធម៌គឺ​សេចក្តី​ល្អ​កាន់តែច្រើន ដរាប​នោះ​សង្គមជាតិ​និង​ពិភព លោក​កាន់តែ​រីកចម្រើន​និងសុខសាន្ត ។ ដូច្នេះ​ការព្យាយាម​ស្តាប់ធម៌​តាម​កាល ជា​មង្គល​ដ៏​ឧត្តម ។​

២៧. សេចក្តី​អត់ធ្មត់ (​ខន្តិ ច )
​ ខន្តីគឺ​សភា​ពនៃ​ចិត្ត​ស្ងៀមស្ងាត់​ស្ងប់រំងាប់​នឹងនរទោះ​ត្រូវ​រង​នូវ​អំពើ​អាក្រក់​បែប​ណាមួយ​ដូចជា​រង​ការប្រមាថ​មើលងាយ ឬភាពអយុត្តិធម៌​ជាដើម ។ តាម​ធម្មតា​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ដែល​គ្មាន​ខន្តីរមែង​មាន​សេចក្តី​ក្រោធ​ខឹង​ក្តៅក្រហាយ​ជា​ប្រាកដហើយ​តែង​តប​ទៅ​វិញ​ដោយ​អំពើ​ហិង្សា ឬ ពាក្យ​ទ្រគោះ ដោយ​ប្រការ​ណា មួយ​មិន​ខានដែល​ជា​ហេតុ​នាំមក​នូវ​ជម្លោះ​គ្រប់​ប្រភេទ ។ ចំណែក ឯ​អ្នក​មាន​ខន្តី​ធម៌​វិញពេល​រង​នូវ​អំពើ​អាក្រក់​បែប​ណា រមែង​មិន​ក្រោធ​ខឹង មិន​ក្តៅក្រហាយ​ផ្តេសផ្តាស​ឡើយហើយ​តែង​មាន​ប្រតិកម្ម​ទៅ​វិញ​ដោយ​អហិង្សា​ប្រកបដោយវិចារណញ្ញាណ​យ៉ាង​ថ្លៃថ្នូរ​បំផុត ដែល​ជាហេតុ​នាំ​មក​នូវ​សុខ​សន្តិភាព​យ៉ាង​ប្រពៃ ប្រការ​នេះ​គួរតែ​មិនមែន​មានន័យថា ទោះជា​ត្រូវ​រងគ្រោះ​អយុត្តិធម៌​យ៉ាងណាក៏​មិន​អើពើ​ឡើយ ។ តាមពិត​បើ​ឃើញ​ថា​គួរតែ​ឆ្លើយតប​នោះ​គឺ​តោង​តែ​ឆ្លើយតបប៉ុន្តែ​ធ្វើ​ដោយ​ចិត្តស្ងប់ មិនមែន​ធ្វើ​តាម​កំហឹង ។ដូច្នេះ​ការព្យាយាម​កសាង​អប់រំ​ខ្លួន​ឱ្យ​មាន​សណ្តាន​ចិត្ត​ប្រកប​ដោយ​ខន្តីគឺ​សេចក្តី អត់ធន់​ដ៏​ប្រពៃ​ហើយ ជា​មង្គល​ដ៏​ឧត្តម ។​

២៨. ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ (​សោ​វ​ចស្ស​តា )
​ មនុស្ស​ប្រដៅ​ដោយ​ងាយគឺជា​អ្នក​ដែល​ឆាប់​ទទួលយក​នូវ​ដំបូន្មាន​ឪពុក​ម្តាយ គ្រូ អាចារ្យចាស់ព្រឹទ្ធាចារ្យ និង​មតិយោបល់​របស់​បណ្ឌិត​ទាំងឡាយព្រោះ​ភាព​ខ្លួន​ជា​អ្នក​ឈ្លាសវៃ​មាន​ការចេះដឹង​ច្រើនឆាប់​ពិចារណា​ឃើញ​នូវ​ហេតុផល​ច្បាស់លាស់ ថែម​ទាំង​ជា​បុគ្គល​មាន ចិត្ត​បើកទូលាយបន្ទាបខ្លួន មិន​ប្រកាន់​មានៈ តែ ទោះ​យ៉ាង ណា​តោង​តែ​ធ្វើ​ដោយ​បញ្ញាប្រយ័ត្ន​ត្រូវ​ជនពាល​បញ្ចុះបញ្ចូល អូសទាញ​អោយ​លុះ​ក្នុង​គំនិត គិត​ខុស​។ឯ​អ្នក​ដែល​មិន​លុះ​តាម​ដំបូន្មាន​មាតាបិតា​និង​បណ្ឌិត​ជាដើមក៏​ព្រោះតែ​ភាព​នៃ​ខ្លួន​ជា អ្នក​មិន​ឆ្លៀស​វៃ មិន​មាន​ការចេះដឹងម្ល៉ោះហើយ​ក៏​មាន​ការ​ងងឹត​ងងល់​ក្នុង​អស្មិ​មានៈ​យ៉ាង​ធ្ងន់​ធរ ។មានតែ​ការខិតខំ​រៀនសូត្រ និង​ស្តាប់ធម៌ ទេសនា​ជាដើម​ទេទើប​អាច​ធ្វើ​ខ្លួន​ឱ្យទៅ​ជា​បុគ្គល​ងាយ​ប្រដៅ​បាន ។ ដូច្នេះ​ការខិតខំ​កសាងខ្លួន​ឱ្យ​បាន​ក្លាយជា​បុគ្គល ដែល​គេ​ងាយ​ប្រដៅ ជា​មង្គល​ដ៏​ឧត្តម ។​

២៩. កិរិយា​បានឃើញ បាន​ជួប​នូវ​សា​មណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រីយ៍ស្ងប់​រំងាប់​ហើយ (​សម​ណាន​ញ្ច ទ​ស្សនំ )។

សមណៈ​គឺជា​បព្វជិត​ដែល​លះបង់​ផ្ទះ​ទៅ​បួសហើយ​ខិតខំ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ធ្វើ​កាយវាចាចិត្ត​ឲ្យ​ស​ប់សាត់ចាក​កិលេសគឺ​លោភៈទោសៈមោហៈមាន​ឥរិយាបថ​សប់​សាត់​ស្រគត់ស្រគំ​គួរ​ជាទី​គោរព​ជ្រះថ្លា​នៃ​ជន​ទាំងពួង។លើសពីនេះទៅទៀត​សមណៈ​ទាំងឡាយលោក​តែង​ឲ្យដល់​អ្នក​ដែល​បាន​មកជួប​នូវ​ដំបូន្មាន​ដ៏​ប្រពៃ​ជា​មាគ៌ា​ សម្រាប់​ប្រព្រឹត្ត​ប្រតិបត្តិឲ្យបាន​សុខ​ចម្រើន​ក្នុង​ជាតិ​នេះនិង​ជាតិ​ខាងមុខ។ដូច្នេះ​ការ​បាន​ជួប​នឹង​សា​មណៈ​ទាំងឡាយជា​មង្គល​ដ៏​ឧត្តម។

៣០. កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល (​កាលេ​ន​ធម្មសាកច្ឆា​) ។​

នេះ​បាន​ដល់​ការចេះ​បែងចែក​ពេលវេលាឲ្យមាន​ឱកាស​សម្រាប់​ជួបជុំ​គ្នា​ញឹកញាប់ ដើម្បី​ពិក្សា​ផ្លាស់ប្តូរ​យោបល់​គ្នាអំពី​ធម៌​វិន័យ​ក្រោម​អធិបតីភាព​នៃ លោក​អ្នកចេះដឹង​ជ្រៅជ្រះ ដែលជា​អ្នក​មាន​គុណធម៌និង​សីលធម៌​ខ្ពង់ខ្ពស់ ដើម្បី​អាច​បំបាត់​នូវ​ច​មល់​គ្រប់​យ៉ាង​បាន ។ មួយ​សោតដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានា និង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា ។ទង្វើ​បែប​នេះ ក៏​ជា​ការ​សាប​ព្រួស​នូវ​វប្បធម៌​អហឹង្សា និង​សន្តិភាព​ផងដែរ ។ធ្វើ​យ៉ាងនេះ​គឺ​ពិតជា​បាន​បង្កើត​នូវ​ការចេះដឹង​របស់​ខ្លួនឲ្យបាន​ទូលំទូលាយ​ច្បាស់លាស់​ជា​បន្តបន្ទាប់ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​ប្រតិបត្តិ​បាន​ត្រឹមត្រូវនិង​កើត​ផលប្រយោជន៍​ដល់​ខ្លួនឯង និង​សង្គមជាតិ​ពិតប្រាកដ ។ដូច្នេះ​កិរិយា​ចូលរួម​ក្នុង​ការសន្ទនា​សាកសួរ​សីលធម៌​តាម​កាល​ជា​មង្គល​ដ៏​ ឧត្តម។​

៣១. សេចក្តី​ព្យាយាម​ដុត​នូវ​បាប​ធម៌ ( ត​បោ ច )

បាបធម៌​បាន​ដល់​លោភៈគឺ​ការ​ជាប់ចិត្ត​លោភលន់​ហួសហេតុ​ទៅ​លើ​សម្ភារៈ​គ្រប់យ៉ាង​១, ទោសៈគឺ​ចិត្ត​ប្រទូសរ៉ាយ​ស្អប់​ក្រោធ​ខឹង​គ្រប់យ៉ាង​១និង​មោហៈគឺក្តី​ងងឹតងងល់វង្វេងវង្វាន់មាន​កាប់សម្លាប់លួច​បន់និង​កុហក​ឆបោកកេងប្រវ័ញ្ច​ជាដើម។រីឯ​តបៈធម៌​បាន​ដល់​ការព្យាយាម​ដុតបំផ្លាញ​នូវ​កិលេស​ទាំងបី​ខាង​លើ​ផងនិង​ព្យាយាម​កសាង​នូវ​អំពើ​ល្អ​គ្រប់យ៉ាង​មាន​ទានសីលភា​វនាសាង​ផ្លូវថ្នល់​សាលារៀន​ជាដើម​ផងដែល​សុទ្ធតែ​មាន​ប្រយោជន៏​ដល់​ខ្លួនឯងនិង​សង្គមជាតិ​យ៉ាង​ពិតប្រាកដ។ដូច្នេះ​សេចក្តី​ព្យាយាមដុត​នូវ​បាប​ធម៌ជា​មង្គល​ដ៏​ឧត្តម។

៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (​ព្រហ្មចរិយ​ញ្ច ) ។​

នេះ​បាន​ដល់​កិរិយា​ព្យាយាម​ប្រព្រឹត្ត​សីលធម៌​ដ៏​ប្រសើរទាំង៨យ៉ាង​គឺ៖មិន​សម្លាប់​ជីវិត​សត្វ​១, មិន​លួច​ប្លន់​១, មិន​ប្រព្រឹត្ត​ស្នេហា​១, មិន​ភូតកុហក​១, មិន​ផឹក​ទឹកស្រវឹង​១, មិន​បរិភោគ​ពេល​រសៀល​និង​យប់​១, មិន​រាំច្រៀងលេង​ភ្លេងនិង​មិន​តុបតែង​កាយ​ដោយ​គ្រឿងអលង្ការ​១, មិន​ប្រើប្រាស់​សម្ភារៈ​អង្គុយនិង​ដេក​ក្នុង​ទី​ដ៏​ប្រសើរ​ពេក​១។នេះ​គឺជា​ការប្រព្រឹត្ត​សង្រួមកាយវាចាចិត្ត​យ៉ាង​ប្រពៃដែល​មាន​ប្រយោជន៍​ដល់​ខ្លួនឯងព្រោះ​បាន​ធ្វើ​ចិត្ត​ឲ្យបាន​ស្ងប់ស្ងាត់និង​មាន​ប្រយោជន៍​ដល់​សង្គមជាតិព្រោះ​មិន​បាន​រំខាននិង​បៀតបៀន​សង្គមជាតិ។ដូច្នេះ​កិរិយា​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយា​ធម៌​ជា​មង្គល​ដ៏​ឧត្តម។​

៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំងឡាយ​(​បរិ​យស​ច្ចាន ទ​ស្សនំ )​។

អរិយសច្ច​ធម៌​បាន​ដល់​ធម៌​ពិត​ដ៏​ខ្ពង់ខ្ពស់​៤​យ៉ាង​គឺទុក្ខ​សច្ចៈសេចក្តី​ទុក្ខ​១, សមុទយ​សច្ចៈហេតុ​នៃ​សេចក្តី​ទុក្ខ​១, និរោធ​សច្ចៈទី​ដែល​ក្តី​ទុក្ខ​ត្រូវបាន​រំលត់​១, និង​មគ្គ​សច្ចៈវិធី​រំលត់ទុក្ខ​១។សេចក្តី​ពិត​នៃ​ជីវិត​មនុស្សសត្វទេព្តាក្នុង​ត្រៃភពគឺ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ប្រែប្រួល​ឥត​ខ្លឹមសារ​ទាំងអស់។មូលហេតុ​នៃ​សេចក្តី​ទុក្ខ​នេះគឺ​បណ្តាលមកពី​ជីវិតដែល​ពោរពេញ​ដោយ​កិលេស​តណ្ហា​គ្រប់បែបយ៉ាង។ដរាបណា​កិលេស​តណ្ហា​ត្រូវបាន​រំលត់​អស់ហើយដរាប​នោះ​សេចក្តី​ទុក្ខ​ក៏​មិន​មាន​ទៀតឡើយ។ព្រះ​អរិយបុគ្គល​ទាំងឡាយមាន​ព្រះពុទ្ធ​ជា​ប្រធាន​សុទ្ធតែ​បាន​យល់​ច្បាស់​នូវ​អរិយសច្ច​ធម៌​នេះហើយ​ព្យាយាម​ប្រព្រឹត្តប្រតិបត្តិ​តាម​មគ្គ​សច្ច​ដែលជា​មា​គ៌ាដើម្បី​រំលត់ទុក្ខ​ប្រកប​ដោយ​អង្គ​៨គឺ​អដ្ឋង្គិក​មគ្គទើប​បាន​រំលត់​កិលេស​តណ្ហា​ឆ្លង​ផុត​ពី​សេចក្តី​ទុក្ខ​គ្រប់យ៉ាង។ដូច្នេះ​កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌ជា​មង្គល​ដ៏​ឧត្តម។

​៣៤. កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់ ( និព្វានស​ច្ឆិ​រិយា ច )

នេះ​បាន​ដល់​ការប្រព្រឹត្ត​ប្រតិបត្តិ​នូវ​វិធី​ក្បួនច្បាប់ សីល សមាធិបញ្ញា ឲ្យចេញ​ជា​លទ្ធផល​ច្បាស់លាស់ ។ ព្រះ​និព្វាន​គឺជា​លទ្ធផល​នៃ​ការប្រព្រឹត្ត​ប្រតិបត្តិ​សីល សមាធិ បញ្ញាតាម​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​៨​គឺ​សម្មាទិដ្ឋិ ការយល់ឃើញ​ត្រឹមត្រូវ​ពិតប្រាកដ ១, សម្មាសង្កប្បៈ ការ​ត្រិះរិះ​ត្រឹមត្រូវ​គឺ​គិត​និង​រំលត់​តណ្ហា​១, សម្មា​វ​ចាពោល​តែ​ពាក្យ​ត្រឹមត្រូវ​១, សម្មាកម្ម​ន្តៈ ប្រព្រឹត្តធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ធម៌ និង​ច្បាប់​រដ្ឋ​១, សម្មា​អាជីវៈប្រកប​មុខរបរ​ត្រឹមត្រូវ ដោយ​ចៀសវាង​នូវ​អំពើ​បាប​៥ យ៉ាង​មានការលក់​មនុស្ស​ជា​ដើម​១, សម្មាវាយាមៈ ខំព្យាយាម​ត្រឹមត្រូវគឺ​ព្យាយាម​លះបង់​អំពើអាក្រក់​ដែល​ធ្លាប់​ធ្វើ​ឲ្យអស់និង​ព្យាយាម​ចៀសវាង​មិន​ធ្វើ​អំពើ​អាក្រក់​ជា​ថ្មី​ទៀត​, ព្យាយាម​រក្សា​គុណធម៌និង​សេចក្តី​ដែល​មាន​ស្រាប់​អោយ​តាំងនៅ និង​កាន់តែ ចម្រើន​ឡើង​, ព្យាយាម​សាង​គុណធម៌និង​ក្តី​ល្អ​ដែល​មិនទាន់មាន អោយមាន​ជា​ប្រាកដ​១, សម្ម​សតិ ការ​រលឹកដ៏​ត្រឹមត្រូវ​មាន​ការ​រលឹក​នូវ វេទនា​ខាងក្នុង និង​វេទនា​ខាងក្រៅ​ជា​ដើម​១, និង​សម្មាសម្មាធិ ការតម្កល់​ចិត្ត​ឲ្យ​នឹង​ខ្ជាប់ខ្ជួន​ក្នុង​អារម្មណ៍​តែមួយ​១ ។ដូច្នេះ​ការប្រព្រឹត្ត​ប្រតិបត្តិ​ក្នុង​មាគ៌ា​ប្រកបដោយ​អង្គ​៨ រហូត​ធ្វើឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ដែល​ជា​គោលដៅ​ចុងក្រោយ​នៃ​ជីវិត​ក្នុង​លោក​ជា​មង្គល​ដ៏​ឧត្តម ។​

៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ ( ផុ​ជ្ឋ​ស្ស លោក​ធម្មេ​ហិ​ចិត្តំ យស្ស ន ក​ម្ប​តិ ) ។

​លោកធម៌​គឺជា​ធម្មជាតិ​ជាទី​ប្រាថ្នា​និង​ជាទី​ស្អប់​របស់​មនុស្សនិង​ជា​ធម៌​ដែល​តែង​កើតមាន​នៅក្នុង​លោក ដល់​មនុស្ស​គ្រប់រូបមិន​ថា​បុគ្គល​នោះ​ជា​អ្នកចេះដឹង​ធម៌ ឬ មិន​ចេះ​ធម៌​ឡើយ ហើយក៏​មិន​រើសមុខ​ថាជា​ពុទ្ធសាសនិក ឬ ជា​សាសនិក​របស់​សាសនា ណាមួយ​ឡើយ ។ លោកធម៌​មាន​៨​ប្រការ​គឺការ​មាន​លាភសក្ការៈ​១, ការបាត់បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការសរសើរ​១, ការ​បាន​សុខ​សប្បាយ​១, ការបាត់បង់​លាភសក្ការៈ​១, ការបាត់បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការ​និន្ទា​រិះគន់​១, ការ​បាន​នូវ​ទុក្ខទោស​១ ។ អរិយបុគ្គល​ទាំងឡាយមាន​ព្រះពុទ្ធ​ជា​ប្រធាន រមែង​មិន​ញាប់​ញ័រ គឺ​មិន​សប្បាយ​ភ្លើតភ្លើនទាំង​មិន​ទោមនស្ស​ដោយ​លោកធម៌​ទាំង ៨ នេះឡើយទើប​ពួក​លោក​រមែង​រស់នៅ​ជា​ក្សេមក្សាន្ត​ជានិច្ច ។ ដូច្នេះ​ការព្យាយាមអប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិត្ត ដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង ៨ នេះជា​មង្គល​ដ៏​ឧត្តម ។

៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ចំពោះ​អារម្មណ៍ (​អ​សោកំ )

​មនុស្ស​គ្រប់រូប​តែងតែ​ជួប​នូវ​អារម្មណ៍គឺ​ហេតុការណ៍​គ្រប់យ៉ាង​រាល់​នាទី​នៃ​ជីវិត​របស់​ខ្លួន។ជា​ការពិត​ណាស់​តាំងពី​ភ្ញាក់​ពី​ដំណេក​ដឹង​ខួ​ន​ឡើង​ត្រចៀក​ជួប​នឹង​សម្លេងភ្នែក​ជួបនឹង​រូបច្រមុះ​ជួបនឹង​ក្លិនអណ្តាត​ជួប​នឹង​រសជាតិកាយ​ប៉ះ​នឹង​វត្ថុ​គ្រប់យ៉ាង។អារម្មណ៍​ទាំងនេះខ្លះ​ជា​ទី​ពេញចិត្ត​នាំ​ឲ្យ​សប្បាយខ្លះ​ជា​ទី​ស្អប់ខ្ពើមនាំ​ឲ្យ​ខឹង​មួ​ម៉ៅ​ក្តៅក្រហាយ។ប៉ុន្តែ​ព្រះ​អរិយបុគ្គល​ដែល​ជា​មនុស្ស​ដ៏​ប្រសើរមានចិត្ត​ស្អាត​បរិសុទ្ធចាក​កិលេស​តណ្ហាលោភៈទោសៈមោហៈហើយ​នោះលោក​មិន​សោយសោក​ក្តៅក្រហាយ​នឹង​អារម្មណ៍​ទាំងឡាយ​នោះ​ឡើយ។ដូច្នេះ​ការព្យាយាម​អប់រំ​ចិត្តរ​ហូត​បាន​ជា​ចិត្ត​មិន​សោកសៅជា​មង្គល​ដ៏​ឧត្តម។​

៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាតចាក​កិលេស ( វីរ​ជំ )

នេះ​បាន​ដល់​ប្រភេទ​នៃ​ចិត្ត​ជាន់ខ្ពស់ដែល​មិន​ប្រឡាក់​ដោយកិលេស​ទាំង​បី​គឺលោភៈចិត្ត​ស្អប់​ជាប់​នឹង​សម្ភារៈនិង​អ​សម្ភារៈ​គ្រប់យ៉ាងដែល​នាំឲ្យ​មាន​សេចក្តី​លោភលន់​គ្មានទីបំផុត​១, ទោសៈចិត្ត​ថ្នាំងថ្នាក់​ស្អប់ខ្ពើមក្រោធ​ខឹងទោមនស្សប្រទូស្ត​នឹង​សម្ភារៈ​គ្រប់យ៉ាង​ដែល​នាំឱ្យ​កើត​ជា​អំពើ​ហិង្សា​ជា​ដើម​១, មោហៈចិត្ត​វង្វេង​ក្នុង​អារម្មណ៍​ប្រកប​ដោយ​សេចក្តី​សង្ស័យ​និង​រាយមាយឥត​ខ្មាស​ឥត​ខ្លាច​អំពើ​ទុច​រឹត​១។ដូច្នេះ​កិរិយា​អប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិ​ត្ត​បរិសុទ្ធ​ស្អាត​ចាក​កិលេសជា​មង្គល​ដ៏​ឧត្តម។

៣៨. ចិត្ត​ក្សេមក្សាន្ត (​ខេ​មំ​) ។

នេះ​បាន​ដល់​សន្តាន​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ដែល​មាន​ព្រះពុទ្ធ​ ជា​ប្រធានដែល​បាន​ឆ្លង​ផុតពី​អន្លង់​ទាំង​៤​គឺ៖អន្លង្ល់​គឺ​កាមតណ្ហា​១, អន្លង់​គឺ​ភព​ទាំងបី​១, អន្លង់​គឺ​ទិដ្ឋិ​យល់​ខុស​១និង​អន្លង់គឺ​អវិជ្ជាការមិនយល់​មិនដឹង​នូវ​សច្ចធម៌​១។ចិត្ត​ដែល​បាន​ឆ្លង​ផុត​អន្លង់​ទាំង​៤​ហើយគឺជា​ចិត្ត​ស្អាត​បរិសុទ្ធនិង​ស្ងប់​ក្សេមក្សាន្ត​ក្រៃលែង។ដូច្នេះ​កិរិយា​ខំ​កសាង​ខ្លួន​គឺ​អប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិ​ត្ត​ ក្សេមក្សាន្ត​យ៉ាងនេះជា​មង្គល​ដ៏​ឧត្តម។បុគ្គល​ទាំងឡាយណាបាន​ខិតខំ​កសាង​ខ្លួនដោយ​ខិតខំ​ប្រព្រឹត្តិ​ប្រតិបត្តិ​នូវ​មង្គល​ទាំង​៣៨​ប្រការ​នេះ​ឲ្យ​បរិបូ​ ណ៌ហើយរមែង​មិន​ចាលចាញ់​ក្នុង​ទី​ទាំងពួងរហូត​សម្រេចមគ្គផល​និព្វាន​ជាទី​អវសាន៕

2 Responses to “ព្រះពុទ្ធសាសនា”

  1. Chha Ravuth said

    ក្រៅពីសាសនាព្រះពុទ្ធ តើមានសាសនាក្នុងលោកណាមួយ ដែលមានទស្សនៈវិជ្ជាខ្ពស់ដូចជាព្រះពុទ្ធ។ ចម្លើយ គឺគ្មានឡើយ។ មូលហេតុ គឺមិនត្រាស់ជាព្រះ ពុទ្ធ។ បើព្រះ ពុទ្ធគេនឹងយល់ច្បាស់ពីអ្វីទាំងអស់ក្នុងលោក។

    • chaosorn said

      បងមានគំនិតបែបនេះក៏ត្រូវម្យ៉ាងដែរ យ៉ាងណាបើយើងមិនទាន់បានភ្លក់គ្រប់មុខម្ហូបដើម្បីស្វែងយល់ពីរសជាតិយើងពិបាកក្នុងការកំនត់បានណាស់ថាម្ហូបណាប្រសើរជាង។
      ដរាបណាយើងចុះក្នុងទឹកកាន់តែជ្រៅយើងប្រាកដជាយល់ថា កន្លែងដែលយើងធ្លាប់ឈរនោះនៅរាក់នៅឡើយ។ វាដូចគ្នានឹងការដែលយើងត្រឹមតែសំលឹងតែជ្រុងមួយនៃសាសនាណាមួយ យើងប្រាកដជាយល់ថាមិនទាន់គ្រប់គ្រាន់នោះដែរដើម្បីវិនិច្ឋ័យថាសាសនានោះល្អឬមិនទាន់ប្រសើរ​បើសិនយើងពុំបានដឹងពីសាសនាដទៃ។ បុរេនិច្ឆ័យគឺជាឧបសគ្គដែលធ្វើអោយយើងទាំងអស់គ្នាបដិសេធនូវចំណេះដឹង និង​ សច្ចពិត។

      ដោយការគោរព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

 
Follow

Get every new post delivered to your Inbox.